Saturday, January 23, 2016

ទេសចរណ៍កំពត

កំពតបានក្លាយជាទីតាំងដ៏ល្បីល្បាញយ៉ាងឆាប់រហ័ស សម្រាប់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ។ មានចំណុចទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ជាច្រើនសម្រាប់បំពេញចិត្តរបស់ភ្ញៀវទេសចរណ៍ទាំងឡាយ។ ទីនោះ គឺជាកូនទីក្រុងតាមមាត់ទន្លេមួយដោយច្នៃម៉ូដឡើងតាមបែបស្ថាបត្យកម្មបារាំង ជាមួយនិងរបាំង ភ្នំខែមជ័យនៅពីក្រោយ គឺជាទេសភាពមួយនិងកម្ររកបាន។ “ខេត្តមួយនៃប្រទេសកម្ពុជាដែលល្បី ល្បាញបំផុត សូមអរគុណដល់ការរួមបញ្ចូលគ្នាដ៏គួរឲ្យកោតសរសើរនៃអតីតទីក្រុងអាណានិគម ដែល ត្រូវបានគេបោះបង់ចោល បោះបង់ចោលនូវទេសភាពដ៏គួរឲ្យទាក់ទាញ ហើយនិងភាពងាយស្រួលក្នុង ការធ្វើដំណើរជុំវិញទីក្រុង... ទីក្រុងដែលមានទន្លេលំហែកាយជាមួយនិងការរៀបចំដ៏គួរឲ្យស្ញប់ស្ញែង និងទីតាំងសម្រាប់ការស្រាវជ្រាវទៅលើគុហា និងអារាមទាំងឡាយ” Lonely Planet, Cambodia, 2007
  • ឧទ្យានជាតិមុនីវង្យបូកគោ៖ មាន​ចម្ងាយ​ប្រមាណ ​៤២ ​គីឡូ​ម៉ែត្រ​ ពីទី​រួម​ខេត្ត​កំពត​ឆ្ពោះ​ទៅ​ភាគ​ខាង​លិច​។ នៅ​លើ​កំពូល​ភ្នំ​មាន​កាស៊ីណូ​មួយ​កសាង​ឡើង​ក្នុង​ជំនាន់អាណានិគម​បារាំង ​សម្រាប់​ពួក​គេ​មក​កំសាន្ត​លេង​នៅ​គ្រប់​រដូវ​។ ​ក្រៅ​ពីនោះ​នៅ​មាន​ទី​វត្ត​អារាម​ដែល​មាន​ឈ្មោះ​ថា​ វត្ត​សំពៅប្រាំ​ យក​តាម​លំនាំ​រូប​ផ្ទាំង​ថ្ម​នៅ​ទីនោះ​មាន​រាង​ដូច​សំពៅ​ចំនួន​ប្រាំ​។ ​នៅ​ទីនោះ​គេ​ក៏​អាច​គយគន់​នូវ​ទស្សនីយភាព​ធម្មជាតិ ​ដែល​ស្ទើរ​តែ​មិន​អាច​ដក​ចិត្ត​បាន​នោះ​គឺ ​ជ្រលងជ្រោះ​សែន​ជ្រៅ​ប្រកប​ដោយ​ព្រៃឈើ​ខៀវ​ស្រងាត់​មាន​ពពក​បាំង​តិច​ៗ​ផង​។ ​គេ​ក៏​អាច​គយគន់​ទិដ្ឋភាព​ទីរួម​ខេត្ត​កំពត​ពីលើ​កំពូល​ភ្នំ​កំពស់ ​១ ០៧៥ ​ម៉ែត្រ​នេះ​ផងដែរ​។ ​ក្រៅពី​ការ​ទស្សនា​សំណង់​អគារប្រវត្តិសាស្ត្រ​រួច​ហើយ​ ទេសចរ​អាច​ទៅ​កំសាន្ត​ជាមួយ​និងធម្មជាតិ​វិញម្ដង​គឺ ​ទឹកជ្រោះ​ដ៏​សែន​ត្រជាក់​ ៣ ​ថ្នាក់ ​និង​តំបន់​ពពក​វិល​ដែល​មាន​អាកាសធាតុ​ត្រជាក់​ខួប​ប្រាំង​ខួប​វស្សា​មាន​ពពក​ផាត់​ទៅ​ផាត់​មក​។
  • រមណីយដ្ឋាន​ទឹកឈូ៖ គឹ​ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​​ដែល​មាន​ចម្ងាយ​ ៨​ គីឡូ​ម៉ែត្រ​ ពីទីរួម​ខេត្ត​។​ តំបន់​នេះ​មាន​ទឹកធ្លាក់​តាម​ជ្រលង​ភ្នំ​កំចាយ​រហូត​ដល់​ទីរួម​ខេត្ត​កំពត ​ដែល​ជា​ប្រភព​ទឹកសាប​យ៉ាង​សំខាន់ ​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ទីរួម​ខេត្ត​។ ​ទឹកធ្លាក់​ថ្លា​ឈ្វេង​មើល​ឃើញ​បាត​ហូរ​រេញ​ៗ ​ពេល​ខ្លះ​ហូរ​ខ្លាំង​កាត់​ផ្ទាំង​ថ្មដា​ធំ​ៗ​បែក​ផ្កាត្រែង​គេ​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្ទៃទឹក​បាន​តាម​រយៈ​ស្ពាន​យោល​មួយ​ខ្សែ​ ដែល​សន្ធឹង​ខ្លួន​រង់ចាំ​ទទួល​ទេសចរ​។ ​ក្រៅពី​ការ​ងូត​ទឹក​កំសាន្ត​ គេក៏​អាច​គយគន់​នូវ​ទេសភាព​ចម្ការ​ដំណាំ​ហូប​ផ្លែ​របស់​ប្រជាពលរដ្ឋ​នៅ​អម​សង​ខាង​ទឹកធ្លាក់​នោះ​ផងដែរ ​ជាពិសេស ​ចម្ការទុរេន​ដ៏​ល្បីល្បាញ​របស់​ខេត្ត​នេះ​។ ​មិន​ឆ្ងាយ​ពី​ទីនេះ​ប៉ុន្មាន ​សួន​សត្វ ​និង​ សួន​ដំណាំ​ទឹកឈូ​បាន​កំពុង​អន្ទង​អារម្មណ៍​អ្នក​ទស្សនា​ឱ្យ​ឈាន​ជើង​ចេញ​មិនរួច​ក្រោយ​ពី​ត្រលប់​ពី​កំសាន្ត​នៅ​ទឹកធ្លាក់​ហើយ​នោះ​។ ​គេ​តែង​ឆៀង​ចូល​ទៅ​មើល​សត្វ​ប្លែក​ៗ ​ច្រើន​ប្រភេទ​រួមទាំង​ទទួល​អារម្មណ៍​ស្រស់ថ្លា​ជាមួយ​ចម្ការ​ដំណាំ​ផ្លែឈើ​ មាន​ដូចជា​ ទុរេន​ សាវម៉ាវ ​មង្ឃុត ​ជាដើម​។

No comments:

Post a Comment